របាយការណ៍​ប្រធាន​ក្រុម​ប្រឹក្សាភិបាល


    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបានដាក់ដំណើរការប្រតិបត្តិការ ផ្តល់ សេវាកម្ចីជាផ្លូវការនៅឆ្នាំ២០១២។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី គឺជាផ្នែកមួយនៃក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់របស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលជាក្រុមហ៊ុនមេ មានទីតាំងនៅរាជធានីភ្នំពេញ និងបានចាប់ដំណើរការអាជីវកម្មតាំងពីឆ្នាំ១៩៨៦។ បច្ចុប្បន្ននេះក្រុមហ៊ុន លី ហួរ គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធធំៗចំនួន ៧ ដូចជា:

(១) លី ហួរ អាគារប្តូរប្រាក់ និងរតនៈអលង្ការ ខូអិលធីឌី

(២) លី ហួរ ផនសប ខូអិលធីឌី

(៣) បុរីវិមានភ្នំពេញ

(៤) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី

(៥) ក្រុមហ៊ុន ទេពីអាក្រូ ខូអិលធីឌី

(៦) ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី និង

(៧) ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី

      នៅក្នុងឆ្នាំ២០១៦នេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូលបាន កើនឡើង ៧% ដូចទៅនឹងឆ្នាំកន្លងមក។ វិស័យសំខាន់ៗដែលរួម ចំណែកធ្វើអោយសេដ្ឋកិច្ចទាំងមូលរីកចម្រើនមានដូចជា ៖ វិស័យសម្លៀកបំពាក់ វិស័យសំណង់ វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម បើទោះជាប្រទេសកម្ពុជា បានទទួលរងគ្រោះធម្មជាតិ នៅតាមតំបន់មួយចំនួនដែលជាបញ្ហាប្រឈមក្នុងការផលិត និងការនាំចេញផលិតផលកសិកម្មក៏ដោយ។

   ជាមួយនឹងកំណើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយ និងស្ថេរភាពសង្គម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បានផ្តល់សេវាកម្ចីដល់ អតិថិជនជាង ១២,០០០នាក់ នៅតាមការិយាល័យប្រតិបត្តិការចំនួន ២៦សាខា ដែលក្នុងនោះផលិតផលកម្ចីភាគច្រើនរបស់គ្រឹះស្ថានបាន ផ្តល់ជូនដល់អតិថិជនមានប្រាក់ចំណូល ទាប និងមធ្យម ដើម្បីរក្សាឲ្យបាននូវនិរន្តភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ ឲ្យស្របទៅនឹងយុទ្ធសាស្ត្រដែលបាន ដាក់ជូន និងអនុម័តដោយក្រុមប្រឹក្សាភិបាល។ គួរបញ្ជាក់ដែលថា ទំហំប្រាក់កម្ចីបានកើនឡើង ១៩%  បើធៀបទៅនឹង កម្ចីសរុបនៅឆ្នាំ ២០១៥ និងចំនួនអតិថិជនបានកើនឡើងដល់ ១១%  បើធៀបទៅនឹង ចំនួនអតិថិជនសរុបនៅឆ្នាំ ២០១៥។ បន្ថែមពីលើនេះទៅទៀត គ្រឹះស្ថានបានធ្វើការគ្រប់គ្រង ហានិភ័យឥណទានបានយ៉ាងប្រសើរ និងរក្សាបាននូវកម្រិតនៃគុណភាពផលប័ត្រកម្ចីស្ថិតក្នុងហានិភ័យ ៣០ថ្ងៃ ស្មើនឹង០.៣ភាគរយនៅ ចុងឆ្នាំ២០១៦នេះ។

      គណៈគ្រប់គ្រងគ្រឹះស្ថានបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍផលិតផល ដែលសម្របខ្លួនទៅនឹងតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារ ដែលមានលក្ខណៈប្រកួតប្រជែង និងការវិវត្ដន៍ខ្ពស់ ដែលជាលទ្ធផល គ្រឹះស្ថានផ្តល់ជូនសេវាឥណទានចំនួន ៣ រួមមាន៖ (i)ឥណទានមីក្រូហិរញ្ញវត្ថុ (ii) ឥណទានខ្នាតតូច (iii) និងឥណទានខ្នាត តូចនិងមធ្យម។ គ្រឹះស្ថានប្រកាន់ខ្ជាប់នូវ យុទ្ធសាស្ត្រដែលផ្តល់អាទិភាពទៅលើការគ្រប់គ្រងហានិភ័យ ការអភិវឌ្ឍផលិតផល​ សេវាកម្មអតិថិជន និងការអភិវឌ្ឍសមត្ថភាពបុគ្គលិក នៅគ្រប់កម្រិតទាំងអស់ជាចម្បង។ ជាផែនការយុទ្ធសាស្រ្ត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី នឹងចាប់ផ្តើមដំណើរការផ្តល់កម្ចី និងទទួលប្រាក់សងត្រលប់ តាមរយៈភ្នាក់ងាររបស់ លី ហួរ វេលុយ ដែលតម្រូវឲ្យមានការអនុម័តពីធនាគាជាតិនៃកម្ពុជា។ ម្យ៉ាងវិញទៀត គ្រឹះស្ថាន នឹងបង្កើតឲ្យមានគណៈកម្មការក្រុមប្រឹក្សាចំនួនពីរគឺ៖  ក្រុមប្រឹក្សាភិបាលសវនកម្ម និងក្រុមប្រឹក្សាភិបាលហានិភ័យ ដើម្បីធានាឲ្យបាននូវ អភិបាលកិច្ចអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងគ្រឹះស្ថាន។

  ចំណែកឯប្រភពទុនវិញ គ្រឹះស្ថានទទួលបានទំនុកចិត្តពីធនាគារក្នុងស្រុក និងអន្តរជាតិដែលជាដៃគូយុទ្ធសាស្ត្រអាជីវកម្មរយៈពេលវែង រួមមាន៖ ធនាគារការណាឌីយ៉ា ធនាគារតៃវ៉ាន់ ខូអបភើរេធីវ  ធនាគាពាណិជ្ជទីមួយ  ធនាគារម៉ារូហាន់ ធនាគារ អេបីអេ  ធនាគារ អេស៊ីលីដា  ធនាគារ  វឌ្ឍនៈ  ធនាគារ ហ្វីលីប  ធនាគារ សៀងហៃ ខុមមឹសសល & សេវីង និង ហ្រេ្វងហ្វឺត ស្កូលហ្វាយ ណាន់សឺវីស។

    សូមបញ្ជាក់ផងដែលថា សមិទ្ធិផលដែលគ្រឹះស្ថានអាចសម្រេចបាន នាពេលនេះ នឹងមិនអាចកើតមានឡើងទេប្រសិនបើគ្មានការគាំទ្រ ពីភាគីពាក់ព័ន្ធដែលរួមមាន អតិថិជនរបស់គ្រឹះស្ថាន ម្ចាស់កម្ចី ធនាគាជាតិនៃកម្ពុជា ក្រុមហ៊ុនសវនកម្ម(KPMG & PWC) និងអាជ្ញាធរពាក់ព័ន្ធទាំអស់ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដើម្បីសម្រេចគោលដៅរួមរបស់គ្រឹះស្ថាន។

   ជាទីបញ្ចប់ ខ្ញុំសូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ម្ចាស់ភាគទុនិកទាំងអស់ សមាជិក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និង បុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ដែលបានប្រឹងប្រែង និងបេ្តជ្ញាចិត្តខ្ពស់ចំពោះការអនុវត្តន៍ការងាររបស់ពួកគេ ប្រកបដោយ សុច្ចរិតភាព ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។